ដើម្បីឲ្យកាន់ច្បាស់ ថ្ងៃនេះ Sabay លើកយកប្រវត្តិខ្លះៗរបស់អតីតតារាសម្ដែងស្រីរូបនេះឲ្យប្រិយមិត្តបានជ្រាបតែម្ដង៖
ជីវប្រវត្តិទូទៅ៖
សាក់ ស៊ីស្បោង កើតក្នុងឆ្នាំ ១៩៣៦ នៅរាជធានីភ្នំពេញ។ អ្នកស្រីជាប់សែស្រឡាយព្រះញាតិវង្ស នៃព្រះមហាក្សត្រខ្មែរ និងមានឪពុកជាមន្ត្រីជាន់ខ្ពស់ក្នុងព្រះបរមរាជវាំង។
ការសិក្សា៖
អ្នកស្រីជាអតីតសិស្សនៅ "សាលាបឋមសិក្សាហ្វ្រង់ស្វ័របូស្វាត" និងបានបន្តការសិក្សានៅ "វិទ្យាល័យព្រះស៊ីសុវត្ថិ" រួចបន្តចូលរៀននៅសាលាភាសាបារាំង "ដឺកាត" គ្រានោះ សាក់ ស៊ីស្បោង ចេះនិយាយភាសាបារាំងល្អដាច់គេ។ ចំណេះដឹងផ្នែកភាសានេះ បានធ្វើឲ្យអ្នកស្រីវិវឌ្ឍន៍ខ្លួនរហូតក្លាយជានារីអាកាសចរណ៍នៅឆ្នាំ១៩៦០។
ប្រវត្តិចូលសិល្បៈ៖
អំឡុងពេលកំពុងបម្រើការងារនោះ មានផលិតករបរទេសម្នាក់ឈ្មោះ "ម៉ាសេលកាម៉ុល" បានឃើញរូបសម្រស់ និងកាយវិការដ៏សមសួនពីធម្មជាតិរបស់អ្នកស្រី ក៏បានស្នើឲ្យចូលសម្ដែងក្នុងភាពយន្តខ្នាតអន្តរជាតិរបស់លោក។ ដោយចិត្តស្រលាញ់វិស័យសិល្បៈផងនោះ នារីអាកាសចរណ៍រូបនេះ ក៏សម្រេចចិត្តចូលសម្ដែងជាតួសំខាន់ក្នុងរឿង "បក្សីឋានសួគ៌" ឲ្យផលិតករខាងលើ។
រឿងដំបូងដែលអ្នកស្រីសម្ដែងនេះ ត្រូវបានដាក់បញ្ចាំងជាច្រើនប្រទេស ទាំងអឺរ៉ុប និងអាស៊ី។ ក្រោយបានឃើញពីសមត្ថភាពរបស់អ្នកស្រី មានផលិតករខ្មែរជាច្រើនទាក់ទងឲ្យទៅសម្ដែងជាហូរហែ រហូតអ្នកស្រីត្រូវបានមហាជនចាត់ទុកថាជាកំពូលតារាសិចស៊ី និងស៊ីវីល័យប្រចាំវិស័យសិល្បៈកម្ពុជា។
សម្ធិទផលធំៗក្នុងវិស័យសិល្បៈ៖
នៅឆ្នាំ ១៩៦៤ សាក់ ស៊ីស្បោង ក៏បានចូលរួមប្រលងបវរកញ្ញាបង្ហាញម៉ូដរថយន្ត ក្នុងមហោស្រពទីក្រុងកែប ថែមទាំងទទួលបានពាន ចំណាត់ថ្នាក់លេខ៣ទៀតផង។
-
ឆ្នាំ១៩៦៦ អ្នកស្រីទទួលបានជោគជ័យយ៉ាងសម្បើមតាមរយៈរឿង "វិលវិញណាបង" របស់ផលិតកម្ម "តារារដ្ឋភាពយន្ត"។
-
មិនត្រឹមតែប៉ុណ្ណោះ សាក់ ស៊ីស្បោង
ធ្លាប់ត្រូវបានអញ្ជើញឲ្យសម្ដែងក្នុងរឿងល្បី៤រឿងរបស់
ព្រះបរមរតនកោដ្ឋ គឺ៖ រឿង "អប្សារា" "រស់ដោយសប្បាយចិត្ត"
"ព្រះប្រជាកុមារ" និង "វាសនាអកុសល"។
-
ឆ្នាំ ១៩៦៩ អ្នកស្រីបានទទួលពានរង្វាន់មាស ជាតួស្រីស្រស់ស្អាតឆើតឆាយ ពី មហោស្រពភាពយន្តជាតិលើកទី១។
-
ពីឆ្នាំ១៩៦២ ដល់ ១៩៧៤ អ្នកស្រីបានបង្ហាញមុខជាតួរង
និងតួសំខាន់ក្នុងភាពយន្តល្បីៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ
អ្នកស្រីក៏ធ្លាប់គ្រងតំណែងតួឯកក្នុងរឿងមួយចំនួនដែរដូចជា៖
"បក្សីចាកមេឃ" និង "ផ្លូវបែកជាបី"។
គ្រួសារ និងស្នេហា៖
-
អតីតកំពូលតារាស្រីរូបនេះ បានរៀបអាពាហ៍ពិពាហ៍
ជាមួយអ្នកបើកយន្តហោះ ក្នុងឆ្នាំ ១៩៦៥ និងមានកូនប្រុសម្នាក់
នៅឆ្នាំ១៩៧២។
-
ដើម្បីគេចពីសង្គ្រាម រូបអ្នកស្រី និងស្វាមី
បានចាកចេញពីកម្ពុជា ទៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៧៤។ សព្វថ្ងៃ
អ្នកស្រីរស់នៅប្រទេសអាល្លឺម៉ង់ ដោយឃ្លាតចេញពីវិស័យសិល្បៈ៕
No comments:
Write comments